ប្រទេសអភិវឌ្ឍន៍ធំៗដូចជា សហរដ្ឋអាមេរិក បារាំង អេស្ប៉ាញ អ៊ីតាលី សុទ្ធសឹងតែជាមានអត្រាអ្នកឆ្លង និងស្លាប់ដោយសារ COVID-19 ច្រើនបំផុត។ បើប្រទេសអភិវឌ្ឍន៍ទាំងនោះ មានប្រព័ន្ធសុខាភិបាលល្អប្រសើរទៅហើយ តើការដែលពលរដ្ឋស្លាប់ដោយសារ COVID-19 ច្រើនបែបនេះ បណ្តាលមកពីអ្វីឲ្យប្រាកដ?

លោកស្រី Li Ailan តំណាងអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា (WHO) បានឆ្លើយបំភ្លឺនៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពីបច្ចុប្បន្នភាពជំងឺ COVID-19 នៅក្នុងប្រទេសកម្ពុជាថា ប្រទេសអភិវឌ្ឍន៍ទាំងនោះបានស្ថិតក្នុងដំណាក់កាលធ្ងន់ធ្ងររួចទៅហើយ ទោះបីជាមានប្រព័ន្ធសុខាភិបាលល្អយ៉ាងណាក៏ដោយ បើមិនបានត្រៀមខ្លួនបានល្អ អត្រាឆ្លងជំងឺ COVID-19 មានកាន់តែខ្លាំង ឯកត្តាអាយុច្រើនក៏បញ្ហាមួយដែរ។
បើប្រៀបធៀបនឹងប្រទេសកម្ពុជាយើង លោកស្រីតំណាងអង្គការសុខភាពពិភពលោករូបនេះបញ្ជាក់ថា យើងធ្វើការងារឆ្លើយតបយ៉ាងល្អចំពោះជំងឺ COVID-19 សម្រាប់ជាង១០០ករណីមកនេះ ហើយប្រទេសកម្ពុជាយើងស្ថិតនៅក្នុងដំណាក់កាលដំបូងនៅឡើយ។
“នៅមានកត្តាជាច្រើន ឬព័ត៌មានទិន្នន័យជាច្រើនទៀត ដែលអង្គការសុខភាពពិភពលោក កំពុងធ្វើការជាមួយប្រទេសនានាលើពិភពលោក ដើម្បីប្រមូលព័ត៌មាន ដើម្បីឲ្យយល់ច្បាស់ពី COVID-19នេះ ដូចជាយើងនៅសិក្សាអំពីករណីទៅលើអាយុ ឬបញ្ហាប្រជាជនជាក់លាក់មួយចំនួន ដែលអាចប្រឈមខ្លាំងជាមួយនឹងមេរោគហ្នឹង។ ប៉ុន្តែនាងខ្ញុំចង់ជម្រាបថា បើសិនជាអ្វីដែលយើងដឹងច្បាស់ថា យើងបានរៀបចំខ្លួនបានល្អ សម្រាប់ប្រយុទ្ធប្រឆាំងនឹងការរាតត្បាតក្នុងសហគមន៍នេះ គឺយើងអាចកាត់បន្ថយអត្រាស្លាប់ឲ្យនៅទាបបំផុតបាន»។
