ភ្នំពេញ ៖ រោងចក្រ​ចិន​មួយ​ដែលមាន​ទីតាំងនៅ​ផ្លូវ​ហាណូយ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ មាន​លទ្ធភាព​ផលិត​ម៉ាស​ដែល​មានគុណ​ភាព​ល្អ ក្នុង​១​ថ្ងៃ ​បាន​រហូតដល់​៥០​ម៉ឺន ដើម្បី​ធ្វើការ​ផ្គត់ផ្គង់​ក្នុង​ស្រុក និង​ជួយ​សម្រាល​បន្ទុក​ការ​នាំ​ចូល​ម៉ាស​ពី​ក្រៅ​ប្រទេស។

ការ​ផលិត​ម៉ាស​ដ៏​ច្រើន​នេះ ​គឺជា​ការ​ឆ្លើយតប​ទៅ​នឹង​ការ​អំពាវនាវ​របស់​ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​ ដែល​បាន​ចាត់​ឲ្យ​ក្រសួងសុខាភិបាល បញ្ជា​ទិញ​ម៉ាស​ពី​ក្រៅ​ប្រទេស​ចំនួន​៤​លាន​ម៉ាស និង​បញ្ជា​ទិញ​ពី​រោងចក្រ​ផ្ទាល់​នៅ​ខេត្ត​ព្រះសីហនុ​ចំនួន​១​លាន​២​សែន​ម៉ាស ដើម្បី​បន្ថែម​លើ​អ្វីដែល​ក្រសួងសុខាភិបាល​បាន​ស្តុក​ទុក ខណៈ​សម្ភារៈ​ពេទ្យ​សម្រាប់​ការពារ​ពី​ការ​ឆ្លង​នូវ​វីរុស​កូវីដ​-១៩ ដូចជា ម៉ាស អាវ​ការពារ ជាដើម ត្រូវ​បាន​បញ្ចេញ​ប្រើប្រាស់​ជា​រៀងរាល់ថ្ងៃ​។

ការ​បញ្ជាទិញ​ម៉ាស​របស់​ប្រមុខ​រដ្ឋាភិបាល​នេះ គឺ​ដើម្បី​ធានា​ថា កម្ពុ​ជា​ មាន​សម្ភារៈ​គ្រប់គ្រាន់​សម្រាប់​ក្រុម​គ្រូពេទ្យ​ប្រើប្រាស់​ក្នុង​ការ​ប្រយុទ្ធ​នឹង​វីរុស​កូ​វីដ​-១៩ ដោយ​ត្រូវតែ​រក្សា​សុវត្ថិភាព​ជូន​ក្រុម​គ្រូពេទ្យ​ទាំងអស់ បន្ទាប់ពី​មាន​បទពិសោធន៍​ខ្វះ​ម៉ាស និង​សម្ភារៈ​ពេទ្យ​ពី​បណ្តា​ប្រទេស​មួយ​ចំនួន​រួច​មក​ហើយ​។
លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​ឲ្យ​ដឹង​ក្នុង​ឱកាស​ដែល​លោក​បាន​អញ្ជើញ​ចុះ​ពិនិត្យ​ចង្វាក់​ផលិតកម្ម​របស់​ក្រុមហ៊ុន​នេះ កាលពី​ថ្ងៃទី​៥ ខែ​មេសា ឆ្នាំ​២០២០​ថា​«​មាន​ក្រុមហ៊ុន​ចិន​មួយ​ ដែលមាន​ទីតាំងនៅ​រាជធានី​ភ្នំពេញ មានលទ្ធភាព​ផលិត​ម៉ាស​ដែល​មានគុណ​ភាព​ល្អ​សម្រាប់​មនុស្ស​ចាស់ និង​កូនក្មេង ក្នុង​១​ថ្ងៃ​ បាន​រហូតដល់​៥០​ម៉ឺន ដើម្បី​ធ្វើការ​ផ្គត់ផ្គង់​ក្នុង​ស្រុក និង​សម្រាល​បន្ទុក​ការ​នាំ​ចូល​ម៉ាស​ពី​ក្រៅ​ប្រទេស ​ខណៈ​បញ្ហា​កង្វះខាត​ម៉ាស​ប្រើប្រាស់​នេះ​កំពុង​តែ​ក្លាយជា​ក្តីបារម្ភ​មួយ​របស់​ពិភពលោក​នាពេល​បច្ចុប្បន្ន ​ដោយសារ​មានការ​ផ្ទុះ​ជំងឺ​កូ​វីដ-​១៩»​។
ប្រជាពលរដ្ឋ​មួយ​ចំនួន​ បាន​សំដែង​នូវ​ការ​សាទរ​ចំពោះ​ដំណឹង​ការផលិត​ម៉ាស​ដ៏​ច្រើន​នេះ​នៅក្នុង​ស្រុក​ព្រោះថា ​ចាប់​តាំងពី​មានការ​ឆ្លង​ជំងឺ​កូ​វីដ​-១៩​ នៅ​លើ​ពិភពលោក​ម៉ាស​ដែល​ធ្លាប់តែ​លក់​ក្នុង​តម្លៃ​ដ៏​ទាប ​ក៏​ស្រាប់តែ​ហក់​ឡើង​មួយ​គុណ​ជា​៤ ​ឬ​៥​ដង​។​ ប៉ុន្តែ​បន្ទាប់ពី​ប្រមុខ​រាជរដ្ឋាភិបាល​បាន​អំពាវ​នាវ​ឲ្យ​អ្នកលក់​ម៉ាស​កុំ​មានការ​ដំឡើង​ថ្លៃ​រួចមក ​គេ​សង្កេតឃើញថា ​ម៉ាស​នៅ​កម្ពុជា​មានការ​ចុះ​ថ្លៃ​បន្តិច​មកវិញ​ តែ​មិន​ចុះ​ដល់​តម្លៃ​ដែល​មិនទាន់​មានការ​រាតត្បាត​ជំងឺ​កូ​វីដ-​១៩​ នោះទេ​។

ក្រុម​ប្រជាពលរដ្ឋ​ខាងលើ​ សង្ឃឹមថា​ តម្លៃ​ម៉ាស​នៅ​កម្ពុជា ​នឹង​មិន​ឡើងថ្លៃ​ទៀត​នោះ​ទេ​ ដោយសារ​មាន​ការផលិត​នៅ​ក្នុង​ស្រុក​ច្រើន​ ដែល​អាច​ផ្គត់ផ្គង់​ដល់​អ្នកប្រើប្រាស់​ក្នុងស្រុក​បាន​គ្រប់គ្រាន់។