វៀតណាម៖ កាលពីថ្ងៃសុក្រ ទី៣១ ខែកក្កដានេះ ក្រសួងសុខាភិបាលវៀតណាម រកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី រហូតដល់៤៥ករណី ដែលនេះជាកំណត់ត្រាប្រចាំថ្ងៃខ្ពស់បំផុតលើកដំបូង ចាប់តាំងពីចុងខែមករាមក។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CNA ។

7


ក្នុងរបាយការណ៍ខាងលើនេះដែរ ក្រសួងសុខាភិបាលវៀតណាមបានបញ្ជក់ថា អ្នកជំងឺដែលទើបនឹងរកឃើញថ្មីៗនេះ មានអាយុចន្លោះពី២៧ឆ្នាំ ដល់ ៨៧ឆ្នាំ មកពីមន្ទីរពេទ្យចំនួន និងសណ្ឋាគារចំនួន១ ក្នុងទីក្រុងដាណាង។


គួរបញ្ជាក់ដែរថា កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន ទីក្រុងទេសចរណ៍មួយនេះ ប្រកាសរកឃើញអ្នកឆ្លងក្នុងសហគមន៍លើកដំបូង បន្ទាប់ពីស្ងប់ស្ងាត់អស់រយៈ៩៩ថ្ងៃ ហើយមកទល់ពេលនេះ អ្នកឆ្លងសរុបបានកើនដល់៩៣ករណីហើយ។ ខណៈដែលបច្ចុប្បន្ន ប្រទេសមានព្រំប្រទល់ជាប់នឹងកម្ពុជាមួយនេះ បានកត់ត្រាអ្នកឆ្លងទូទាំងប្រទេសចំនួន ៥០៩ករណី តែពុំទាន់មានអ្នកស្លាប់នៅឡើយទេ។  


គួរឲ្យដឹងដែរថា ប្រទេសវៀតណាមបានចាប់ផ្ដើមធ្វើតេស្ដទ្រង់ទ្រាយធំ លើប្រជាជននៅទីក្រុងហាណូយប្រមាណ២១​,០៦៣នាក់ ដែលទើបត្រឡប់មកពីដាណាងវិញ កំឡុងថ្ងៃឈប់សម្រាក។ ដោយឡែក កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះដែរ អាជ្ញាធរក្នុងទីក្រុងហាណូយ បានបិទកន្លែងកម្សាន្ដ ក៏ដូចជាហាមឃាត់ការជួបជុំផ្សេងៗផងដែរ ដើម្បីទប់ស្កាត់ការរាលដាលនៃជំងឺ៕