មានករណីភ្ញាក់ផ្អើលមួយបានកើតឡើង ដោយបុរសជនជាតិចិនម្នាក់ បានដេកស្លាប់នៅជិតរង្វង់មូលមច្ឆា ក្នុងបុរីគុជអាស៊ី នៅវេលាម៉ោង១០៖០០នាទីព្រឹក ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ ស្ថិតក្នុងភូមិ១ សង្កាត់លេខ ៣ ក្រុងនិងខេត្តព្រះសីហនុ។

លោកស្រី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានចេញមកបដិសេធចោលទាំងស្រុង នូវព័ត៌មានបំពុលមួយចំនួនដែលបង្ហោះ និងលើកឡើងថា មានបុរសជនជាតិចិនម្នាក់ ដេកស្លាប់នៅខេត្តព្រះសីហនុ គឺករណីជំងឺ COVID-19។
ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃនេះ លោកស្រីឱ វណ្ណឌីន មានប្រសាសន៍ថា ថា «ករណីបុរសចិនដេកស្លាប់នេះ មិនមែនជាជំងឺកូវីដ១៩ (COVID-19) ទេ។ សូមសាធារណជន កុំយល់ច្រឡំ»។
យោងតាមរបាយការពីសមត្ថកិច្ចបានបង្ហាញថា ជនជាតិចិនដែលស្លាប់ មានឈ្មោះ Niu Shuangsuo កើតនៅថ្ងែទី២ ខែ១០ ឆ្នាំ១៩៦៩ មកពីខេត្តកានស៊ូ ប្រទេសចិន៕
